ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំសិស្សនគរបាលជ័យលាភីចេញទៅបំពេញភារកិច្ចឱ្យល្អ ស័ក្ដិសមជាឈាមថ្មី និងជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋ
សូត្រ សុជាតិ - ០៥ មករា ២០២៤
image

សៀមរាប ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំដល់សិស្សនគរបាលជ័យលាភីទាំងអស់ នៃសាលានគរបាលជាតិភូមិភាគ៤ យកចិត្តទុកដាក់បំពេញការងារបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានល្អ ស័ក្ដិសមជាឈាមថ្មីដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ជ្រើសរើសយកមកចាក់បញ្ចូលក្នុងរដ្ឋបាលសាធារណៈ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ។ 

ថ្លែងក្នុងពិធីចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ក្នុងនាមជាឈាមថ្មី នគរបាលបន្តវេន ត្រូវបំពេញការងារប្រកបដោយគុណភាព ប្រកាន់ខ្ជាប់នូវការគោរវិន័យកងកម្លាំងនគរបាលជាតិ មានទំនាក់ទំនងល្អ និងជាទីកក់ក្ដៅរបស់ប្រជាពលដ្ឋ។

ឈរលើមូលដ្ឋាននៃកំណែទម្រង់នគរបាលជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញនិងលើកទឹកចិត្តដល់សិស្សនគរបាលដែលបញ្ចប់ការសិក្សានិងត្រៀមចេញទៅបំពេញការងារ ត្រូវប្រកាន់យកទស្សនៈ រៀនមួយជីវិត ដោយផ្សារភ្ជាប់ការងារជាក់ស្ដែងនៅក្នុងអង្គភាព និងជាមួយប្រជាពលរដ្ឋទៅនឹងទ្រឹស្ដីនិងមេរៀនដែលបានសិក្សានៅសាលា ក្នុងនោះក៏ត្រូវអភិវឌ្ឍន៍សមត្ថភាពលើជំនាញឌីជីថលដើម្បីជាជំនួយក្នុងការបំពេញការងារ ឆ្លើយតបបរិបទសង្គម និងគោលនយោបាយរាជរដ្ឋាភិបាលផងដែរ។
 
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានរំលឹកអំពីការបន្តយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រឿងញៀន ដែលក្នុងនោះក្រសួងមហាផ្ទៃ កំពុងអនុវត្តយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើកម្លាំងនគរបាលទូទាំងប្រទេស ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានប្រសាសន៍សង្កត់ធ្ងន់កាលពីពេលថ្មីៗនេះថា ការបោសសម្អាតគ្រឿងញៀនលើកងកម្លាំងប្រដាប់អាវុធ ត្រូវអនុវត្តមុនគេ ហើយមន្ត្រីពាក់ព័ន្ធត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗ។

សាលានគរបាលជាតិភូមិភាគ៤ មានសមត្ថកិច្ចបណ្ដុះបណ្ដាលមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល និងសិស្សនគរបាលក្របខណ្ឌថ្មី មកពីខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារ។ គិតចាប់ពីពេលបង្កើតឡើងកាលពីឆ្នាំ២០១០ សាលាបានបណ្ដុះបណ្ដាលនគរបាលចំនួន ៣ ២៧៩នាក់។ សិស្សនគរបាលជ័យលាភីដែលទទួលវិញ្ញាបនបត្រពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃនេះ មានចំនួន១៩២នាក់ នារី២១នាក់៕

 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣