ក្រុមវិនិយោគិនកូរ៉េ២០ក្រុមហ៊ុន តាមរយៈគម្រោង «TASK - Technology Advance & Solution from KOREA» បានមកស្វែងរកឱកាសវិនិយោគលើវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា ក្នុងកម្មវិធីសិក្ខាសាលាមួយ ស្តីពី «កិច្ចសហប្រតិបត្តិការវាយនភ័ណ្ឌកូរ៉េ-កម្ពុជា» កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងរាជរដ្ឋាភិបាលកម្ពុជា គឺ ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំក្រសួងការងារ គណៈគ្រប់គ្រងតាមបណ្តារោងចក្រសហគ្រាសក្នុងស្រុកប្រមាណ៤០ក្រុមហ៊ុន និង ភាគីពាក់ព័ន្ធជាច្រើនរូបទៀត ។ សូមបញ្ជាក់ផងដែរថា គំរោងTASK បានអនុវត្តសំរាប់វិស័យវាយនភណ្ឌកម្ពុជារយៈ៣ឆ្នាំមកហើយ ដោយបាននាំប្រតិភូកម្ពុជាទៅទស្សនកិច្ចសិក្សាតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្មខ្នាតយក្ស បច្ចេកវិទ្យាចុងក្រោយ និង ស្វែងយល់ពីចក្ខុវិស័យ យុទ្ធសាស្ត្រទីផ្សារវែងឆ្ងាយសំរាប់វិស័យនេះ។ នៅក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ លោក Choi WonSeok ថ្នាក់ដឹកនាំនៃគម្រោង «TASK» បានលើកឡើងអំពីសាវតានិងវឌ្ឍនភាពនៅក្នុងការផ្តល់ជំនួយបច្ចេកទេសដល់សហគ្រិនវិស័យឧស្សាហកម្មរោងចក្ររយៈពេល៣ឆ្នាំ កន្លងមកនេះ ដែលទទួលបានលទ្ធផលជាទីមោទនៈ ។ ដោយឡែក ថ្ងៃនេះគំរោង«TASK» ក៏បានបោះជំហានថ្មីមួយទៀត ដោយបានបង្កើតសិក្ខាសាលាបែបសិក្សាស្វែងយល់ពីស្ថានភាពនិងលក្ខខណ្ឌវិនិយោគ ផ្គូផ្គងធុរកិច្ច ពាំនាំនូវបច្ចេកវិទ្យាចុងក្រោយ ដើម្បីជាប្រយោជន៍មកកាន់ប្រទេសកម្ពុជា។ តាមរយៈសិក្ខាសាលានេះ ថ្នាក់ដឹកនាំនៃគម្រោង «Task Project» ក៏បានអញ្ជើញជំនាញការចំនួន៣រូប ដើម្បីធ្វើ 1. បទបង្ហាញអំពី និន្នាការអ្នកប្រើប្រាស់ និង បច្ចេកវិទ្យាចុងក្រោយ ក៏ដូចជា ការរចនាម៉ូតសំលៀកបំពាក់ក្នុងពិភពឌីជីថល 2. បទបង្ហាញអំពី រោងចក្រឆ្លាតវៃ (Smart Factory)និង ប្រព័ន្ធគ្រប់គ្រងបែបឌីជីថល 3. បទបង្ហាញអំពី យុទ្ធសាស្រ្តបង្កើតម៉ាកសញ្ញា និង ការយុទ្ធសាស្រ្តបង្កើតទីផ្សារគោលដៅក្នុងស្រុក។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំនៃគម្រោង «Task Project» ក៏បានប្រាប់អំពីគន្លឹះយុទ្ធសាស្ត្រទីផ្សារជាច្រើនផងដែរ ដើម្បីធ្វើយ៉ាងណាអោយការវិនិយោគទទួលបាននូវភាពជោគជ័យ និង គ្មានហានិភ័យ សម្រាប់វិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់។ ដោយឡែក ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានលើកឡើងបញ្ហាជាច្រើន ជាពិសេសលក្ខខណ្ឌទាំងឡាយក្នុងការវិនិយោគនៅកម្ពុជា ដោយទទួលបានការគាំពារដោយច្បាប់ពេញលេញ សម្រាប់អ្នកវិនិយោគពិតប្រាកដ ។ ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា ក៏បង្ហាញអំពីការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលសម្រាប់អ្នកវិនិយោគផងដែរ ដើម្បីសម្រួលដល់លក្ខខណ្ឌទាំងឡាយ ក៏ដូចលក្ខណៈងាយស្រួលមិនស្មុគស្មាញ នោះទេ ។ ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋាននៃក្រសួងការងារ ក៏បានលើកឡើងអំពីច្បាប់ស្ដីពីការងារនៅកម្ពុជា ហើយក៏បានចូលរួមជំរុញលើកទឹកចិត្ត អោយមានការវិនិយោគក្នុងប្រទេសកម្ពុជា អោយបានកាន់តែច្រើនផងដែរ ដើម្បីធ្វើអោយពលរដ្ឋកម្ពុជាមានការធ្វើកាន់តែច្រើនឡើងៗ និង កាត់បន្ថយភាពក្រីក្រ ។ យ៉ាងណាមិញ លោក លី សំណាង អគ្គនាយកក្រុមហ៊ុន អប្សរា រ៉េស៊ីដិន ដែលកំពុងអភិវឌ្ឍន៍រោងចក្រក្នុងស្រុក មកជាសួនឧស្សាហកម្ម និង លំនៅឋាន ទំហំ៤៤ហិចតា ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ គីឡូមែត្រលេខ43 ដែលជាតំបន់សេដ្ឋកិច្ចមួយថ្មី ក៏បានបង្ហាញនូវការអរគុណ ក្រុមអ្នកវិនិយោគិនកូរ៉េ គម្រោង «Task Project» ដែលបានផ្តល់នូវជំនួយដល់កម្ពុជា នាពេលកន្លងមក ។ ក្នុងនោះផងដែរ លោក លី សំណាង ក៏ជាបេក្ខភាពម្នាក់ដែលបានរៀនសូត្រច្រើនពី សួនឩស្សាហកម្មខ្នាតយក្សនៅទីក្រុង Daegu ដែលមានប្លង់អភិវឌ្ឍន៏សំបូរបែប និង ហេដ្ឋារចនាសម្ព័ន្ធសព្វគ្រប់ ក៏ដូចជាបានចូលរួមពិភាក្សាស្វែងយល់ជាមួយគំរូ អភិវឌ្ឍន៏ជាច្រើនអំពីវិស័យវាយនភណ្ឌ ក្រោមកិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ កន្លង។ លោកសង្ឃឹមថា មិនត្រឹមតែក្រុមអ្នកវិនិយោគិនកូរ៉េ ប៉ុណ្ណោះទេ ដែលមកសិក្សាស្វែងយល់ពីការវិនិយោគនៅកម្ពុជា ពោលគឺ គ្រប់ប្រទេសនឹងអាចមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ក្រោមការទទួលប្រយោជន៍ពីចរន្តប្រកួតប្រជែងជាសាកល ស្ថានភាពភូមិសាស្រ្ត និងនយោបាយក្នុងតំបន់ ក៏ដូចជាកំណែទំរង់សេដ្ឋកិច្ចយ៉ាងផុសផុល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ សរុបមកវិញឃើញថា សិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នាពេលនេះ គឺពិតជាទទួលបានចំណេះដឹង បទពិសោធន៍ល្អ ជាពិសេស គឺយល់ច្បាស់ពីការលក្ខខណ្ឌ នីតិវិធីទាំងឡាយនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា៕